ម្តាយវិស្វករថៃមកជួបកូនប្រុសនៅថ្ងៃទី២៧
ទីភ្នាក់ងារព័ត៌មានរបស់ថៃបានផ្សាយនៅថ្ងៃពុធម្សិលមិញថា លោកអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត់បានទាក់ទងជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីជជែកអំពីលទ្ធភាពនៃការសុំដោះលែងវិស្វករជនជាតិថៃលោកស៊ីវ៉ារ៉ាក់ដែលកំពុងជាប់ឃុំឃាំងពីបទចារកម្ម។ កាសែតថៃថែមទាំងនិយាយទៀតថា ប្រធានគណបក្សភឿថៃលោកឆាវាលីត យុងឆៃយុទ្ធ អាចនឹងមកកម្ពុជាដើម្បីនាំយកបុរសជនជាតិថៃលោកស៊ីវ៉ារ៉ាក់ត្រលប់ទៅប្រទេសថៃ។ កាសែតបាងកកប៉ុស្តរបស់ថៃបានដកស្រង់សំដីរបស់លោកថាក់ស៊ីនពីក្នុងទំព័រអ៊ីនថឺនែតផ្ទាល់ខ្លួនរបស់លោក (thaksinlive.com) និង Twitterដែលថា “លោកបានស្នើទៅរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាអោយវិស្វករថៃនោះទទួលបានការមើលថែសមរម្យ”។
សំរាប់លោកកុយ គួងដែលជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាវិញ ក្រសួងការបរទេសរបស់ លោក នៅមិន ទាន់បាន ទទួល សំណើរជាថ្មីណាមួយទៀតពីខាងស្ថានទូតថៃដើម្បីសុំជួបវិស្វករជនជាតិថៃលោកស៊ីវ៉ារ៉ាក់នេះទេ។ ប៉ុន្តែលោកកុយ គួងអត្ថាធិប្បាយថា ប្រសិនបើមានសំណើរជាថ្មីពីភាគីថៃ ក្រសួងការបរទេសអាចបញ្ជូនសំណើរទៅកាន់ស្ថាប័នពាក់ព័ន្ធ “ប៉ុន្តែថា តើនឹងមានការអនុញ្ញាតិ អោយមានការជួប ឬអត់យ៉ាងណានោះ គឺវាអាស្រ័យលើការពិចារណារបស់តុលាកាទៅលើការវិវត្តិនៃសំណុំរឿង”។
មេធាវីកៅ ស៊ូផាក៏បានអះអាងអោយដឹងដែរថា លោកនឹងដាក់ពាក្យស្នើទៅតុលាការរាជធានីភ្នំពេញនៅថ្ងៃសុក្រនេះ សុំអោយ កូនក្តីរបស់លោកនៅក្រៅឃុំបណ្តោះអាសន្ន។ លោកកៅ ស៊ូផាបានបញ្ជាក់ថា ការចោទ ប្រកាន់ របស់ សាលាដំបូង រាជធានី ភ្នំពេញ ទៅលើកូនក្តីរបស់លោក ដោយប្រើប្រាស់ច្បាប់ប័ណ្ណសារ មិនត្រឹមត្រូវនោះទេ។ សំរាប់លោកកៅ ស៊ូផាច្បាប់ប័ណ្ណសារមានពាក់ព័ន្ធតែ នឹងការរក្សាស្នាដៃនិពន្ធតែប៉ុណ្ណោះ។ មេធាវីរូបនេះបានបន្តទៀតថា ការចោទប្រកាន់កូនក្តីរបស់លោកថា ជាចារកម្ម ក៏មិន ត្រឹមត្រូវ ទៀត។ “កូនក្តីខ្ញុំអត់ខុសទេ។ លោកថាក់ស៊ីន គឺជាមនុស្សដែលមានទោស ដែលគេតាមចាប់ខ្លួន។ កូនក្តីខ្ញុំជាពលរដ្ឋល្អ គាត់អាចប្រាប់ដំណឹងនេះទៅអ្នកណាក៏បាន”។
លោកស៊ីវ៉ារ៉ាក់ ជោធិពង្សវិស្វករជនជាតិថៃនៅក្រុមហ៊ុនCATS ត្រូវបានតុលាការរាជធានីភ្នំពេញចោទពីបទថា បានធ្វើអោយ បែកការសម្ងាត់ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈ តាមមាត្រា១៩នៃច្បាប់បណ្ណសា នេះបើយោងតាម ការ បញ្ជាក់ របស់លោក មេធាវី កៅ ស៊ូផា។ បើរកឃើញពិរុទ្ធភាព លោកស៊ីវ៉ារ៉ាក់អាចជាប់ទោសរវាងពី៧ ទៅ១៥ឆ្នាំ។
អាជ្ញាធរកម្ពុជាព្យួរការងារបុគ្គលិកជនជាតិថៃនៅCATSជាបណ្តោះអាសន្ន
បុគ្គលិកជនជាតិថៃជិត១០នាក់របស់ក្រុមហ៊ុនសេវាកម្មចរាចរដែនអាកាសកម្ពុជាហៅកាត់ថា CATS ត្រូវបានរដ្ឋាភិបាល កម្ពុជា ហាម មិនអោយចូលកន្លែងធ្វើការ ហើយបានបញ្ជាអោយក្រុមហ៊ុនដាក់ជំនួសបុគ្គលិកខ្មែរជាបណ្តោះអាសន្ន នេះបើតាម ការអះអាង របស់ នាយកក្រុមហ៊ុនសាជីវកម្មសាម៉ាត លោកវ៉ាតឆៃ វីឡៃឡាក់ (Watchai Wilailuck) ដែលបានថ្លែងប្រាប់កាសែតថៃបាងកកប៉ុស្ត។ ក្រុមហ៊ុនសាម៉ាតបានវិនិយោគលើក្រុមហ៊ុនCATSដែលមានតួនាទីត្រួតពិនិត្យចរាចរដែនអាកាសនៅកម្ពុជា។
មិនអាចទាក់ទងបានមន្ត្រីរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ជាក់អំពីព័ត៌មាននៃការបណ្តេញបុគ្គលិកជនជាតិថៃជា បណ្តោះអាសន្ន ពី ក្រុមហ៊ុនសេវាកម្មចរាចរដែនអាកាសកម្ពុជានេះបានទេ។
ការបណ្តេញបុគ្គលិកជនជាតិថៃរបស់ក្រុមហ៊ុនCATS កើតមានឡើងទន្ទឹមគ្នានឹងព្រឹត្តិការណ៍នៃការបង្ហាញខ្ លួន បុរស ពីរ នាក់ ដែលម្នាក់ជាជនជាតិថៃ និងម្នាក់ទៀតជាជនជាតិកម្ពុជាកាលពីថ្ងៃពុធនៅសាលាដំបូងរាជធានីភ្នំពេញ។ បុរស ទាំងពីរ នាក់នេះ ដែល ម្នាក់ជាជនជាតិថៃ និងម្នាក់ទៀតជាជនជាតិកម្ពុជា គឺជាបុគ្គលិកក្នុងក្រុមហ៊ុនCATS ហើយបានឆ្លើយសារភាពនៅចំពោះមុខតុលាការ ក្នុងនាមជាសាក្សី ថាពួកគេពិតជាបានទទួលបញ្ជាពីបុរសវិស្វករជនជាតិថៃឈ្មោះស៊ីវ៉ារ៉ាក់ ជោធិពង្ស អោយតាមដានជើងហោះហើរ របស់លោកថាក់ស៊ីនមែន។ ស៊ីវ៉ារ៉ាក់ ជោធិពង្ស ត្រូវបានអាជ្ញាធរប្រទេសកម្ពុជាចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១២វិច្ឆិកា ក្នុងបទសង្ស័យថា បានប្រព្រឹត្តិអំពើចារកម្ម ដោយលួចចំលងពេលវេលាជើងហោះហើររបស់លោកថាក់ស៊ីន និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនផ្ញើទៅទី ក្រុងបាងកក៕



